ផ្លែទុរេនដ៏មានតម្លៃមួយផ្លែ ត្រូវបានគេរាយការណ៍ថា ដាក់លក់ដេញថ្លៃបាន ១,៥ លានបាត (៤៨.០០០ដុល្លារ) នៅឯពិធីដេញថ្លៃមួយក្នុងប្រទេសថៃ។ ទុរេនថៃពូជ Kanyao ដែលជាពូជទុរេនថ្លៃជាងគេលើលោក បានទាក់ទាញការដេញថ្លៃពីអ្នកមានស្តុកស្តុមស្រឡាញ់ការទទួលទានផ្លែឈើជាច្រើននៅឯពិធីដេញថ្លៃនេះ ក្នុងខេត្ត Nonthaburi ភាគកណ្តាលប្រទេសថៃ កាលពីពេលថ្មីៗនេះ។ ក្រុមមន្រ្តីបានជ្រើសរើសទុរេនមួយផ្លែនេះដោយដៃ ពោលគឺប៉ុន្មានថ្ងៃមុនការដេញថ្លៃមកដល់ នៅក្បែរកសិដ្ឋានមួយកន្លែង ដែលដាក់លក់ផ្លែឈើនេះក្នុងតម្លៃអប្បបរមា ២០.០០០បាត។ ប៉ុន្តែទុរេនដ៏ប្រណីតមួយផ្លែនេះ ដែលគេជ្រើសតម្លៃស័ក្តិសមសម្រាប់ទំហំ រូបរាង និងភាពទុំដើមផ្អែមឆ្ងាញ់ដ៏ល្អឥតខ្ចោះរបស់វា បានបំបែកឯតទគ្គកម្មកំណត់ត្រាកាលពីឆ្នាំមុននៃតម្លៃ ៨០០.០០០បាត ពេលដែលវាត្រូវបានដាក់លក់នៅឯពិធីបុណ្យស្តេចទុរេន២០១៩។ ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ គេឃើញមានតារាបង្ហាញម៉ូតដើរបង្ហាញទុរេននៅលើកម្រាលព្រំក្រហម និងខ្នើយមាស រួមជាមួយនឹងទុរេនប្រាំបួនផ្លែ។ ទុរេនទាំងនោះរួមមាន ទុរេនពូជ Monthong, Kanyao និង Kop Med Tao ជាមួយនឹងតម្លៃមួយផ្លែៗលើសពី ៣០០.០០០បាត៕