បន្ទាប់​ពី​ការ​ប្រកាស​របស់ Song Joong Ki អំពី​ការ​ដាក់​ពាក្យ​លែង​លះ នៅ​ពេល​នេះ​ភាគី​ខាង​ស្រី Song Hye Kyo បាន​បញ្ចេញ​​​​ការ​ប្រកាស​មួយ​ដែរ​តាម​រយៈ​​ផលិតកម្ម​របស់​ខ្លួន។ អ្នក​នាំ​ពាក្យ​ផលិតកម្ម United Artists Agency បាន​លើក​ឡើង​ថា ៖ "យើង​​យល់​ថា​វា​ជា​រឿង​អកុសល​មួយ​ ដែល​យើង​ជួប​អ្នក​ទាំង​អស់​គ្នា​ជា​មួយ​ដំណឹង​ទុក្ខសោក។ ក្រោយ​ការ​គិតគូរ​ដោយ​ម៉ត់ចត់ តារា​សម្ដែង​ Song Hye Kyo និង​ស្វាមី​បាន​បោះ​ជំហាន​ដល់​ការ​លែង​លះ”។ “ហេតុផល​នៃ​ការ​លែង​លះ​គឺ​ដោយ​សារ​ភាព​ខុស​គ្នា​នៃ​​បុគ្គលិក​លក្ខណៈ និង​ព្រោះ​តែ​អ្នក​ទាំង​ពីរ​មិន​អាច​ពុះពារ​នឹង​ភាព​ខុស​គ្នា​របស់​ពួក​គេ​បាន ពួក​គេ​​បង្ខំ​ចិត្ត​ឈាន​ដល់​ការ​សម្រេច​ចិត្ត​នេះ។ យើង​សុំ​ឲ្យ​អ្នក​ទាំង​អស់​គ្នា​មាន​ការ​យោគយល់​ ​យើង​មិន​អាច​បញ្ជាក់​​វែង​ឆ្ងាយ​បន្ថែម​ទៀត​អំពី​រឿង​រ៉ាវ​លម្អិត ដោយ​យើង​គោរព​ដល់​ជីវិត​ផ្ទាល់​ខ្លួន​របស់​តារា​សម្ដែង​ទាំង​ពីរ។ បន្ថែម​ពី​នេះ​យើង​សុំ​ឲ្យ​អ្នក​ទាំង​អស់​គ្នា កុំ​ធ្វើ​ការ​​បង្ហោះ​សម្អុយ​កេរ្តិ៍ឈ្មោះ​ និង​បញ្ចេញ​មតិ​​​ដោយ​ប៉ាន់​ស្មាន​​​​​”៕​