កញ្ញា ឡុង ថាវរី ដែល​ជា​សម្ដែង​មួយ​រូប​បាន​បាត់​មុខ​ឈឹង​ប្រមាណ​២​ឆ្នាំ ដោយ​ទើប​តែ​លេច​មុខ​សប្ដាហ៍​មុន ក្នុង​កម្មវិធី​ជប់លៀង​អាពាហ៍ពិពាហ៍​របស់​រៀម​ច្បង​ក្នុង​សិល្បៈ អ៊ុន លីហ្សា ជាមួយ​សម្រស់​ស្រស់​ស្អាត​ខ្លាំង​ធៀប​នឹង​ពេល​មុន។ នៅ​ក្នុង​រាត្រី​នោះ ថាវរី បាន​គ្រង​រ៉ូប​ពណ៌​ស​លាយ​ខៀវ​ស្រាល​មួយ​ឈុត ដែល​មើល​ទៅ​បាន​លើក​សម្រស់​នាង​មួយ​កម្រិត ស្រប​ពេល​រូប​រាង​ក៏​មាន​សភាព​ស្គម​តូច​ជាង​មុន ពិសេស​ឈុត​នេះ បាន​បង្ហាញ​ពី​សម្រស់​ដើម​ទ្រូង​ដ៏​ស្អាត​របស់​នាង ដែល​មើល​ទៅ​ធ្វើ​ឲ្យ​នាង​កាន់​តែ​ទាក់​ទាញ​មួយ​កម្រិត​ទៀត។ បញ្ហា​នេះ សាមី​ខ្លួន​បាន​ទទួល​ស្គាល់​ចំពោះ​អ្វី​ដែល​ឃើញ​ខុស​ប្លែក​អំពី​រូប​រាង​នាង ពិសេស​ភាព​ទាក់​ទាញ​តាម​រយៈ​រ៉ូប​ពណ៌​ស្រាល​សម​នឹង​សាច់​ស​ខ្ចី​នោះ។ សាមី​ខ្លួន​ប្រាប់​ថា នេះ​គឺ​ជា​ការ​ច្នៃ​ម៉ូដ​ដោយ​ខ្លួន​នាង​ផ្ទាល់ ដោយ​ក្នុង​នោះ ចំណាយ​ដើម​ទុន​ត្រឹម​តែ​ជាង ២០០​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ។ យ៉ាង​ណា នាង​ខ្លួន​ឯង​ពិត​ជា​ពេញ​ចិត្ត​រ៉ូប​មួយ​ឈុត​នេះ​ណាស់ ព្រោះ​សម​នឹង​ដង​ខ្លួន​របស់​នាង និង​មិន​សិចស៊ី​ពេក។ ក្រៅ​ពី​លេច​ធ្លោ​ជាមួយ​ម៉ូដ​រ៉ូប​សាមញ្ញ ឡុង ថាវរី ក៏​ត្រូវ​បាន​គេ​ចាប់​អារម្មណ៍​ថា បាន​ប្រែប្រួល​រូបរាង មើល​ទៅ​សាក​សម​ធៀប​នឹង​កាល​ពី​ពេល​មុន។ តារា​សម្ដែង​រូប​នេះ បញ្ជាក់​ថា ជា​ការ​ពិត នាង​បាន​ស្រក​គីឡូ​​ជិត ១០​គីឡូ ទើប​ធ្វើ​ឲ្យ​នាង​មើល​ទៅ​រាង​តូច​ច្រឡឹង ពេញ​ភ្នែក​ជាង​ពី​ពេល​មុន។ បញ្ហា​នេះ កញ្ញា បាន​បញ្ជាក់​ទៀត​ថា មិន​មែន​មក​ពី​នាង​មាន​ជំងឺ​អ្វី​ទេ ប៉ុន្តែ​គឺ​នាង​បាន​ព្យាយាម​សម្រក​ដោយ​ខ្លួន​ឯង។